
សេចក្តីព្យាយាមជាគុណធម៌ដ៏បវរ ដែលនាំមនុស្សនិករឲ្យបានសេចក្តីសុខក្សេមក្សាន្ត និងឲ្យមានវឌ្ឈនភាពខាងចំណេះវិជ្ជា សេចក្តីឈ្លាស់វៃគុណសម្បតិ្តនិងទ្រព្យសម្បតិ្តគ្រប់យ៉ាង អ្នកប្រាជ្ញាទាំងឡាយ មានព្រះពុទ្ធជាប្រធាន ដែលមានពិសោធន៍គ្រប់គ្រាន់ បានសន្មតនូវព្យាយាម ថាជាធម៌ខ្ពង់ខ្ពស់លើសលុប វិសេសជាងភព្វព្រេងវាសនា បើប្រាសចាកព្យាយាមក៏ពុំអាចផ្តល់នូវ សុភមង្គលដល់អ្នកមានវាសនាបានឡើយ សេចក្តីព្យាយាមជាបារមីមួយក្នុងបណ្តាទសបារមី ហៅថាវិរិយបារមីដែលព្រះជិនស្រីគ្រប់ព្រះអង្គកាលទ្រង់នូវជាព្រះ ពោធិសត្វកំពុងកសាងអភិនិហារ ត្រេចរង្គាត់ក្នុងភពវដ្តសង្សារ បានធ្លាប់អប់រំបន្ទំនូវបារមីនេះ អស់អសង្ឃេយ្យ អប្បមេយ្យជាតិ ដរាបដល់បានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ សេចក្តីព្យាយាមជាឥទ្ធិបាទមួយ ហៅថាវិរិយិទ្ធិបាទអាចញុាំងអ្នក ប្រតិបតិ្ត ឲ្យសម្រេចផលតាមសមគួរ ដល់ឧប្បនិស្ស័យវាសនាជាប្រាកដ កុលបុត្រនិងកុលធីតាគួរតាំងចិត្តបង្កើតនៅ វិរិយារម្ភហើយប្រឹងខំរៀនសូធ្យ ទាំងបុព្វជិតទាំងគ្រហស្ថ នូវអស់វិជ្ជាផ្លូវលោក ផ្លូវធម៌ដែលមានប្រយោជន៍គួរសិក្សាតាមសម័យទាន់ខ្លួន ថិតនៅក្នុងបឋមវ័យ កំពុងមាននិស្ស័យទន់ខ្ចី អាចបង្អោនចិត្តផ្តិតយកវិជ្ជាថ្មីៗបានដោយងាយ រួចហើយគួរប្រឹងរវៀសរវៃប្រកបការងាររកទ្រព្យសម្បតិ្ត ចិញ្ចឹមជីវិតក្រុមគ្រួសារ បណ្តុះបសាទស្សទ្ធា ក្នុងវរពុទ្ធសាសនាធ្វើបុណ្យសុន្ទរ៍ទាន រក្សាសីលប្រាំចាំសីល ប្រាំបី សំភីដុសខាត់ចិត្តប្រព្រិត្តប្រតិបត្តិកម្មបទ១០ ឲ្យបានសក្តិសិទ្ធធ្វើជីវិត្តរបស់ខ្លួលឲ្យថ្លៃធ្នូរ ហើយត្រូវមានសតិសម្បជញ្ញៈភ្ញាក់ដឹងខ្លួនជានិច្ច រិះរេគ្នេររកប្រយោជន៍ឲ្យបានសម្រេចនិងបំពេញ ករណីយកិច្ចរបស់ខ្លួនឲ្យសមតាមឋានៈជាពលរដ្ឋដ៏ប្រពៃនៃប្រទេស។