វិធីតែងនិពន្ធ


អូនអើយមើលន៎! ដងព្រៃព្រឹក្ស គូលេនលាស់ស្លឹក មាក់ប្រាងទុំ ជាសួនឱទ្យាន ឋានមនោរម្យ ទីឋានសុខុម ផ្ងំនិស្ស័យ។ អូនអើយមើលន៎! ជ្រោះជ្រៃដងភ្នំ ស្តាប់សត្វៗយំ ពិរោះក្រៃ ប្រគុំរំលេច ចិត្តអាល័យ ស្រណោះស្រីថ្លៃ ថ្នមស្នេហា។ ដោយ ថាច់ សុភី

វិធីតែងនិពន្ធៈ ជាការធ្វើទូទៅកម្មទៅលើតថភាព (វត្ថុវិស័យ និងប្រធានវិស័យ) ដោយបញ្ចូលធាតុសិល្បៈ លើករឿងធម្មតាទៅមិនធម្មតា និងលើករឿងមិនធម្មតាទៅធម្មតា។ ធាតុសំខាន់ៗនៃវិធីតែងនិពន្ធមាន៖

    រូបារម្មណ៍ៈ អ្នកនិពន្ធត្រូវមាន៖

  • ចេះបង្កើតតួអង្គតំណាងចិត្តគំនិត ឧត្តមគតិផ្ទាល់។
  • ចេះបង្កើតប្រព័ន្ធហេតុការណ៍ ដែលមានរបៀបរៀបរយល្អ។
  • មានសមត្ថភាពលំនឹកចងចាំបានល្អ។
  • មានបុគ្គលិកលក្ខណៈល្អ (ទឹកចិត្ត សញ្ចេតនា ឧត្តមគតិ ទំនោរ អត្តចរិត) មាន ឧត្តម គតិដោយឡែក មានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ព្រមទាំងចេះសំយោគតថភាពខាងក្នុង និងតថភាពខាងក្រៅ។
  • មាគ៌ាឆ្ពោះទៅរកទេពកោសល្យៈ អ្នកនិពន្ធត្រូវមានទេពកោសល្យ ទុនជីវិត ទុនវប្បធម៌ ទុនវិជ្ជាជីវៈ និងមានឆន្ទៈមុតស្រួច។
  • ដំណួចគំនិត ជាការប្រមូលគំនិត ប្រមូលអារម្មណ៍ ផ្ដោតគំនិតឲ្យមូល។អ្នកនិពន្ធខ្លះគូរប្លង់រួចចាប់ផ្ដើមនិពន្ធ តែអ្នកនិពន្ធខ្លះ ពេលមានដំណួចគំនិត ក៏ចាប់ផ្ដើមសរសេរតែម្ដង។
  • ដំណាក់កាលតែងនិពន្ធ មាន៥ដំណាក់កាលគឺ៖

  • ភ្នកគំនិតៈ (កំណត់ប្រធានរឿង)។
  • ការប្រមូលផ្ដុំឯកសារៈ (ទាក់ទងដំណើររឿង ស្គាល់ភូមិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ)។
  • ការកសាងទម្រង់ៈ (ធ្វើគម្រោងប្លង់)។
  • ដំណាក់សរសេររឿងៈ (អាចដូរគម្រោង ឬចូលទៅក្នុងពិភពប្រលោមលោក)។
  • ដំណាក់ជួសជុលៈ (បន្ថែម ឬបន្ថយឲ្យកាន់តែល្អ)។
    • សិល្ប៍វិធីក្នុងការតែងនិពន្ធ មាន ៖

    1. វចនវិធីៈ ជាវិធីនៃការប្រើប្រាស់ពាក្យពេចន៍ក្នុងអត្ថបទឲ្យស្របតាមស្ថានភាពសង្គមបរិយាកាស តួនាទី ឋានៈ មុខរបរ និងប្រភេទរឿងនីមួយៗ។
    2. រចនាវិធីៈ ជាវិធីនៃការប្រើប្រាស់ឃ្លាល្បះដើម្បីឲ្យស្នាដៃមានសម្រស់ទាក់ទាញអារម្មណ៍ បង្កើតបានបរិយាកាសអណ្ដែតអណ្ដូង ធ្វើឲ្យអ្នកអាន អ្នកស្ដាប់រំភើប រីករាយ ទុក្ខ ព្រួយ ជក់ចិត្ត ដិតអារម្មណ៍។
    3. សន្ទេហវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ងឿងឆ្ងល់ ចង់តាមដានចង់ដឹងហើយ ចង់ដឹងទៀតពីបញ្ហាដែលកំពុងចោទនៅក្នុងដំណើររឿង។
    4. បដិវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គមានទំនាស់វិបត្តិគ្នាខាងពាក្យសម្ដី កាយវិការ វាចា ចិត្ត។
    5. វណ្ណនាវិធីៈ ជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គ ព្រឹត្តិការណ៍ ធម្មជាតិ ទេសភាព សកម្មភាព មកពណ៌នារៀបរាប់ឲ្យឃើញច្បាស់ហាក់នៅនឹងភ្នែកស្រស់ៗ។
    6. ឧបមានវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើការប្រៀបធៀបតួអង្គ ឬសកម្មភាព នៅក្នុង ដំណើររឿងដើម្បីរំលេចនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍។
    7. សំវាទវិធីៈជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពីពីរនាក់ ឡើងសន្ទនាឆ្លើយឆ្លងគ្នាពីបញ្ហាអ្វី មួយ។
    8. ឯកវាទវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គរងទុក្ខទោសឈឺចាប់ក្នុងខ្លួន ឬមាន វិប្បដិសារីពីរឿងអ្វីមួយ ដោយមានការរំឭកពីហេតុភេទ ឬរឿងរបស់ខ្លួនតែម្នាក់ឯង។
    9. វេសមវិធីៈ ជាវិធីដែលអ្នកនិពន្ធបង្ហាញភាពផ្ទុយគ្នានៅក្នុងគំនិត ហេតុការណ៍ រូប លក្ខណៈដើម្បីធ្វើឲ្យឃើញ ឬយល់កាន់តែច្បាស់ថែមទៀត។
    10. វឌ្ឍមានវិធីៈជាវិធីដែលអ្នកនិពន្ធប្រើដើម្បីធ្វើឲ្យដំណើររឿងកាន់តែតឹងតែង ឡើងៗ តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់។
    11. ឧបកថាវិធីៈ ជាវិធីដែលអ្នកនិពន្ធចែកដំណើររឿងជាដំណាក់ៗ។
    12. សមន្តវិធីៈ ជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា មកធ្វើជាគូទំនាស់។
    13. អបេក្ខណៈវិធីៈ ជាវិធីពណ៌នារៀបរាប់បង្ហាញតួអង្គឲ្យស្របទៅតាមកាយវិការ ចរិយា និងសកម្មភាព។
    14. បុនរុត្តិវិធីៈ ជាវិធីតែងកាព្យដែលធ្វើឲ្យផ្ទួនពាក្យសម្ដី ដើម្បីបញ្ជាក់ សកម្មភាពរបស់តួអង្គឲ្យកាន់តែជាក់ស្ដែងថែមទៀត។
    15. ហាសវិធីៈ ជាវិធីដែលអ្នកនិពន្ធប្រើក្នុងដំណើររឿងធ្វើឲ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនាផ្ទុះសំណើចដោយមិនដឹងខ្លួន។
    16. ប្រលោមវិធីៈ ជាវិធីដែលអ្នកនិពន្ធចេះលួងលោមបបោសអង្អែលអ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ឲ្យរីករាយរំភើបតាមដំណើររឿង។
    17. ទារុណវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យដំណើររឿងមានភាពកម្សត់ ព្រាត់ប្រាស និង ការធ្វើទុក្ខទោសតួអង្គ។

    Listing

    Pages