
វិជ្ជាជាធនធានមានតម្លៃអនេកអនគ្ឃ អ្នកប្រាជ្ញហៅថា អង្គសមនិធិ ប្រែថាកំណប់ទ្រព្យជាប់តាមអង្គប្រាណ គេអាចប្រើប្រាស់ថ្មារម៉ានក៏បាន តាមតែចិត្តអាសា តែថាអ្នកមានវិជ្ជាពុំគួរយក វិជ្ជារបស់ខ្លួនទៅប្រើប្រាស់ក្នុងការឥតប្រយោជន៍ទេ ។ វិជ្ជាធនីទាំងនរៈនិងនារី គួរយកវិជ្ជាធ្វើជាឧបករណ៍ ក្នុងការប្រកបរបរលៀងជីពជន្ម តាមសម្មាជីវៈ កសាងខ្លួនឲ្យបានជាពលរដ្ឋម្នាក់ ដែលរាប់ថា អ្នកចេះស្នេហាជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងបណ្តុះសីលធម៌ ឲ្យកើតមានក្នុងខន្ធសន្តាន ព្រោះសីលធម៌មានគុណានុភាព ដ៏បវរល្អវិសេស អាចឧបត្ថម្ភគាំទ្រអ្នកមានវិជ្ជា នេះឲ្យមានពន្លឺភ្លឺប្រុះរុងរោចន៍ លើសលុបពន្លឺរស្មីអ្វីទាំងអស់ ។ យុវជនវិជ្ជាកាម ទាំងនរៈនិងនារី គួរឆ្លៀតសំភីរៀន សូធ្យឲ្យបានចេះដឹង បំបាត់ចេញនូវអនក្ខរកម្ម ហើយខំបំពេញចំណេះវិជ្ជា ដើម្បីចម្រើនប្រាជ្ញាជារស្មី ប្រាណ មានកូនប៉ុន្មានត្រូវឲ្យហាត់រៀនអានរៀនសរសេរអក្សរជាតិខ្មែរ តាមសម័យនិយម កុំបណ្តោយឲ្យអវិជ្ជន្ធការស្រោមរុំហ៊ុម ជុំជិតបិទភ្នែកអាត្មា រកមើលពន្លឺរស្មីអ្វីមិនបាន ហើយគួររកធនធាននិងចាយវាយ ប្រើប្រាស់ប្រាក់កាសឲ្យសមតាម បែបបទទើបឈ្មោះថា កុលបុត្រកុលធីតា មានវិជ្ជាជាទ្រព្យ សមនិងសណ្តាប់ធ្នាប់គាប់ប្រសើរ គួរជាទីសរសើរនៃជនានុជន ។