
ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងជារមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។ តំបន់មិនទាន់ត្រូវបានដោះមីនទាំងស្រុងនោះទេ។ ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ Visit